ខេត្តកំពង់ស្ពឺ៖ សម្លេងស្រែកដង្ហោយរកយុត្តិធម៌ និងដំណោះស្រាយ របស់ម្ចាស់ដីបន្ទាប់ពីពួកគាត់បានសម្រេចចិត្តលក់ដីរបស់ខ្លួនទៅឱ្យអ្នកគួកជេរ (មេខ្យល់ដីធ្លី) ដើម្បីរៀបចំប្រគល់បន្តទៅឱ្យក្រុមហ៊ុនចិនសាងសង់រោងចក្ររួចរាល់ជិតដំណើរការហើយ ប៉ុន្តែមិនទាន់បានលុយគ្រប់ចំនួននោះទេ។
សូមបញ្ជាក់ថាក្រោយពីរមានអង្គភាពសារព័ត៌មានក្នុងស្រុកបានចុះផ្សាយមកក៏លេចឮព័ត៌មានបែកធ្លាយមកថាកាលកន្លងទៅថ្មីៗនេះក្រុមអ្នកគួកជេរដីបាននឹងកំពុងប្រើប្រាស់វិធីសាស្ត្រ គំរាមកំហែងនិងសម្លុតបង្ខំយកប្លង់កម្មសិទ្ធិពីម្ចាស់ដីឱ្យទៅក្រុមហ៊ុនចិន ទាំងដែលប្រាក់ថ្លៃដីនៅខ្វះជាង១៥ម៉ឺនដុល្លារមិនទាន់ទូទាត់គ្រប់ចំនួននៅឡើយ។
បើយោងតាមសម្ដីជនរងគ្រោះបានឱ្យដឹងថា រឿងលក់ដីទំហំជាង២ហិកតា ក្នុងតម្លៃជាង ៤១ម៉ឺនដុល្លារ នៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះបានអូសបន្លាយពេលជាង ២ឆ្នាំមកហើយ ដោយពួកគាត់ទទួលបានប្រាក់ត្រឹមតែជាង២៦ម៉ឺនដុល្លារប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្ត និងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងនោះគឺ ក្រុមអ្នកគួកជេរដី (ដែលសង្ស័យថាមានការសហការ ពាក់ព័ន្ធនឹងអនុប្រធានភូមិម្នាក់ និងអភិបាលរងស្រុកម្នាក់) បានមកសម្លុតបង្ខំឲ្យជនរងគ្រោះយកប្លង់ដីឲ្យទៅក្រុមហ៊ុនចិនទាំងបំពាន ទាំងដែលរោងចក្រសាងសង់រួចរាល់ជិតដំណើរការទៅហើយ។ ទង្វើគំរាមកំហែងបង្ខំយកប្លង់ដីដោយមិនទាន់ទូទាត់ប្រាក់គ្រប់នេះ បានធ្វើឱ្យម្ចាស់ដីទាំង ៤គ្រួសារ ភ័យខ្លាចបាត់បង់ដីផង និងបាត់បង់ប្រាក់របស់ពួកគាត់ផង។
ប្រជាពលរដ្ឋទាំង៤គ្រួសារបានពឹងពាក់លើក្រុមអ្នកសារព័ត៌មានឱ្យជួយធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីសុំឱ្យលោកអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយទប់ស្កាត់សកម្មភាពអនាធិបតេយ្យរបស់ក្រុមអ្នកគូកជេរដី និងជួយស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ជូនពួកគាត់។
ជុំវិញការលើកឡើងខាងលើនេះដែរអ្នកសារព័ត៌មានក៏កំពុងបន្តស្វែងរកការបំភ្លឺពីភាគីដែលរងការចោទប្រកាន់ ដើម្បីធានាបាននូវតម្លាភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមអគុណ៕







