ខេត្តកែប៖ អភិបាលខេត្តកែបកំពុងរងការរិះគន់ពីមន្ត្រីមួយចំនួន ក្រោយពីបានបែកធ្លាយឯកសារសំណើសុំសិទ្ធិវិនិយោគធ្វើអាជីវកម្មភាស៊ីផែកែបកោះទន្សាយ ។ ឯកសារនេះចេញដោយលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៦ ខណៈលោកអភិបាលខេត្តរូបនេះ បានស្នើសុំអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចតាមសំណើរបស់លោក ហេង តារា ចុះថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ដែលបានស្នើសុំវិនិយោគធ្វើអាជីវកម្មភាស៊ីផែកែបកោះទន្សាយស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែបរយៈពេល ៣០ឆ្នាំ ដោយប្រើទុនវិនិយោគ៥៦ ម៉ឺនដុល្លារ ហើយបង់រំលស់ទុនមកវិញតាមរយៈបង់ចំណូលថវិកាខេត្តចំនួន ១០ លានរៀលក្នុងមួយឆ្នាំ ។
ការរិះគន់នេះ អ្នកខ្លះនិយាយថា ឯកសារសំណើពីខេត្តដាក់ទៅក្រសួងមិនគួរខ្ជីខ្ជាលប់សរសេរដោយដៃ និងខុសអក្ខរាដូច្នេះទេ ។ អ្នកខ្លះទៀតនិយាយថា ថវិកាបង់ចំណូលខេត្តតែ ១០លានរៀលក្នុងមួយឆ្នាំវាជាចំណូលតិចតួចបំផុតបើប្រៀបធៀបការដេញថ្លៃជាច្រើនឆ្នាំកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០២៦ ការដេញថ្លៃថវិកាដែលត្រូវបង់ជូនរដ្ឋកើនដល់ ២៤៩ លានរៀល ។
នៅក្នុងឯកសារនោះ អភិបាល នៃគណៈអភិបាលខេត្តកែប បានស្នើសុំអនុញ្ញាតជាគោលការណ៍ពិនិត្យវាយតម្លៃផ្នែកហិរញ្ញវត្ថុ ជូនលោក ហេង តារា ដើម្បី ដាក់ទុនវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ យោងៈ – សារាចរលខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពាក្យស្នើសុំវិនិយោគភាស៊ីរបស់លោក ហេង តារា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ដោយយោងស្មារតីអង្គប្រជុំគណៈអភិបាលខេត្ត ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
និងស្មារតីអង្អប្រជុំក្រុមប្រឹក្សាខេត្ត ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។ លោកអភិបាលខេត្តកែបបានគោរពជម្រាបជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ការស្នើសុំនេះដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនភ្ញៀវទេសចរមកកាន់ខេត្តកែប និងកែលម្អសោភណ៍ភាពខេត្តតាមតំបន់ឆ្នេរមួយកម្រិតទៀត ជាពិសេស ខេត្តមានចក្ខុវិស័យចូលរួមប្រកួត ប្រជែងទីក្រុងស្អាត អនាម័យបរិស្ថានល្អ សណ្តាប់ធ្នាប់សាធារណៈ និងមានស្ដង់ដារបច្ចេកទេសទីក្រុងស្អាត។ ផ្អែកលើលក្ខណៈសម្បត្តិខាងលើនេះ អនុវត្តតាមគោលការណ៍ យន្តការ និងនីតិវិធីគ្រប់គ្រង ចាត់ចែង ការធ្វើអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិរដ្ឋ រដ្ឋបាលខេត្តបានសម្រេចអនុញ្ញាតជាគោលការណ៍ជូន លោក ហេង តារា ដើម្បីដាក់ទុនវិនិយោគសាងសង់ និងជួសជុលកំពង់ផែកែប និងផែរកោះទន្សាយ ក្នុងគោល បំណងចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងស្អាត មានសោភ័ណភាព និងអនាម័យប្រកបដោយនិរន្តរភាព បរិស្ថាន ដោយដាក់ទុនវិយោគកែលម្អពង្រីកបន្ថែមចំណតជលយាន្ត ចំណតយានយន្ត និងសំណង់បន្ថែម ដោយចំណាយដើមទុនសរុប ៥៦០.០០០USD ដុល្លារសហរដ្ឋអាមេរិក (ប្រាំរយហុកសិបពាន់ដុល្លារសហ រដ្ឋអាមេរិក) និងស្នើសុំសិទ្ធិធ្វើអាជីវកម្មភាស៊ីរយៈពេល ៣០ឆ្នាំ ដើម្បីបង់រំលស់ទុនមកវិញ ព្រមទាំងបង់ ចំណូលថវិកាខេត្តចំនួន១០.០០០.០០០ (ដប់លាន) រៀល ក្នុងមួយឆ្នាំ។
អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយបន្ថែមពីភាគីពាក់ព័ន្ធ ឬរដ្ឋបាលខេត្តកែប ជុំវិញការរិះគន់ទាំងនេះបាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ។
អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ៕






