ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦–ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញនៅពេលនេះ គឺមានការចូលរួមពីគណៈប្រតិភូនៃបណ្ដាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គឺចំនួន ៨១ នៅក្នុងចំណោមសមាជិក៩០ ប្រទេស នៃសមាគមហ្វ្រង់កូហ្វូនី ស្មើនឹង៩០% នៃ ចំនួនសមាជិករបស់អង្គការអន្តរជាតិមួយនេះ។ ឯកឧត្ដមបានលើកឡើថា តួលេខនេះមិនមែនគ្រាន់តែជាចំនួននៃការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងសារៈសំខាន់ដែលបណ្ដាប្រទេស និងរដ្ឋាភិបាលសមាជិក ផ្ដល់ចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ គឹជាវេទិកាដែលកម្ពុជា បានប្រែក្លាយមរតកប្រវត្តិសាស្ត្រ ទៅជាកម្លាំងការទូត បទពិសោធសង្គ្រាម ទៅជាសារសន្តិភាព និងភាពជាម្ចាស់ផ្ទះ ទៅជាឱកាសបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់អនាគត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា នៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងជម្លោះ ភាពមិនប្រាកដប្រជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសេដ្ឋកិច្ច ការជួបជុំដ៏ទូលំទូលាយនេះបង្ហាញថា ការសន្ទនា ការយោគយល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅតែមានតួនាទីចាំបាច់។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានរំលេចផងដែរថា សម្រាប់កម្ពុជា ការចូលរួមរបស់គណៈប្រតិភូទាំង ៨១ ប្រទេស គឺជាកិត្តិយសដ៏ធំធេង ហើយក៏ជាការទទួលខុសត្រូវដ៏សំខាន់ នៅក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ចល្អ និងអំណោយផលដល់ការពិភាក្សាប្រកបដោយផ្លែផ្កា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា៖ «នៅថ្ងៃនេះ រាជធានីភ្នំពេញបានក្លាយទៅជាចំណុចជួបជុំនៃសំឡេងចម្រុះមកពីទ្វីបទាំងប្រាំ។ ភាពខុសគ្នានៃប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងទស្សនៈ មិនគួរក្លាយទៅជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការទេ ប៉ុន្តែអាចក្លាយទៅជាកម្លាំងសម្រាប់ការស្វែងរកដំណោះស្រាយរួមគ្នា។ រដ្ឋ និងរដ្ឋាភិបាលសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីទាំង៩០ គឺមានអ្នកនិយាយភាសាបារាំងសរុបជិត ៤០០ លាននាក់ ក្នុងនោះគឺសម្រាប់ប្រទេសកម្ពុជា គឺមានចំនួនប្រមាណជាង៤៦ម៉ឺននាក់។»
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាសាបារាំង គឺបើសិនយើងនិយាយអំពីភាសាដែលប្រើប្រាស់ គឺជាភាសាទី៤ ដែលបានប្រើប្រាស់នៅលើពិភពលោក បន្ទាប់ពីភាសាអង់គ្លេស ភាសាចិន ហើយនិងភាសាអេស្ប៉ាញ។ ទាក់ទងនឹងការចុះឈ្មោះចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះដែរ ឯកឧត្តម នេត្រ ភក្រ្ដា បានលើកឡើងបន្ថែមថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺមានចំនួនសរុប ១ ៣៨២ នាក់ គឺស្មើទៅនឹង ៣០៨ ស្ថាប័ន អង្គភាព មកពីចំនួន៤២ប្រទេសផ្សេងគ្នា ក្នុងនោះ អ្នកសារព័ត៌មានជាតិ គឺមានចំនួន ៦៨៥នាក់ មកពី១១៧អង្គភាព។ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិ គឺមានចំនួនសរុប៦៩៧ នាក់ គឺមកពី១៩១ស្ថាប័នអង្គភាព៕
ប្រភពក្រសួងព័ត៌មាន.





