ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ÷ទីតាំងស្តុកសំរាមរបស់ក្រុមហ៊ុន វេង ស្រែង ហ្រ្គីន ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បានបង្ហូរទឹកកខ្វក់ និងជះក្លិនស្អុយយ៉ាងខ្លាំង បង្កផលប៉ះពាល់ដល់ផលដំណាំ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សចាស់ជរា និងកុមារតូចៗដែលងាយរងគ្រោះ។
ទីតាំងចាក់សំរាមរបស់ក្រុមហ៊ុន វេង ស្រែង ហ្រ្គីន នេះ ស្ថិតនៅចង្កេះភ្នំមួយកន្លែង ក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុននេះមិនត្រឹមតែបង្ហូរទឹកកខ្វក់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នក៏មានរថយន្តដឹកសំរាម និងកាកសំណល់ជាច្រើនមកពីតាមបណ្ដាស្រុក-ក្រុងទូទាំងខេត្ត ខ្លះបានយកមកចាក់នៅទីលាន និងខ្លះទៀតនៅពេលយប់ បានលួចដឹកសំរាមយកទៅចាក់ចោលពាសវាលពាសកាលនៅតាមផ្លូវសាធារណៈ និងដីវាលមួយចំនួន បង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់អ្នកភូមិ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់រថយន្តដឹកសំរាមដែលលួចយកទៅចាក់ចោលពាសវាលពាសកាលទាំងនោះ ក៏ដូចជាជួយទប់ស្កាត់ការបង្ហូរទឹកកខ្វក់មានក្លិនស្អុយរបស់ក្រុមហ៊ុនខាងលើនេះផង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺ ឬបកស្រាយពីម្ចាស់ក្រុមហ៊ុនស្តុកសំរាម វេង ស្រែង ហ្រ្គីន បាននៅឡើយទេ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយសារមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕






