ខេត្តកំពង់ស្ពឺ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញមួយនៅកម្ពុជា។ការលើកឡើងនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមជនជាតិដើមភាគតិចសួយ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អនិងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែកដោយមានទឹកពុះធម្មជាតិ ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ ទៅ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត។ តំបន់នេះមានជនជាតិដើមភាគតិចសួយរស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ច្រើនមកលំហែកម្សាន្ត ។ភ្ញៀវទេសចរណ៍ ពិសេសអ្នកដែលមានជំងឺដង្កាត់ខ្លះបានចុះត្រាំទឹកក្តៅដែលផុសចេញពីក្នុងដីនេះ ដោយពួកគាត់មានជំនឿថានិងអាចការព្យាបាលជំងឺតាមបែបធម្មជាតិឱ្យជាសះស្បើយបាន។
លោកថា ដោយមើលឃើញពីសក្តានុពលនៃតំបន់តេទឹកពុះនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីចូលរួមធ្វើការអភិវឌ្ឍតំបន់ទេទឹកពុះនេះ ឱ្យក្លាយទៅជាតំបន់គោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិកម្រមួយនេះប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើននិងប្រែក្លាយជាតំបន់អព្យាក្រឹតកាបូន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះធ្វើឡើងស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនិងយុទ្ធសាស្រ្ត
ចក្រាវិស័យបរិស្ថាន ដែលរួមមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍បានផ្តោតលើការកែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍កោដូនតីនេះ ដោយមានការដាំដើមឈើ ដាំផ្កាលំអរ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និងកន្លែងអង្គុយត្រាំទឹកក្តៅ ដែលកើតចេញពីធម្មជាតិ និងជួយសម្រួលដល់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងត្រាំទឹក ងូតទឹក និងព្យាបាលជំងឺតាមបែបធម្មជាតិ។
ជុំវិញគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះនេះដែរ រដ្ឋមន្ត្រីបរិស្ថានក៏បានបញ្ជាក់ផងដែរថានិងអាចរួចរាល់នៅមុនដើមឆ្នាំ២០២៧ខាងមុខ ហើយលើសពីនោះក្រសួងបរិស្ថានគ្រោងបណ្តុះបណ្តាលសមត្ថភាពដល់សមាជិកសហគមន៍ ដើម្បីជាចំណេះដឹងក្នុងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ តាមរយៈភាពស្អាតពីខាងក្នុង គឺមានភាពស្មោះត្រង់ លក់ដូរក្នុងតម្លៃសមរម្យ មិនកាប់មិនកោ និងប្រែក្លាយសហគមន៍ឱ្យមានសមត្ថភាពក្លាយជាសហគ្រិនភាព ដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។
គួររំលឹកផងដែរថា ក្រោយមានកំណើនបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានាដើម្បីត្រាំទឹកព្យាបាលដោយជំនឿថាជាសះស្បើយ ក៏មានប្រជាពលរដ្ឋខ្លះឈានទៅយកភក់ប៉ាតនិងលាបទៅលើខ្លួន អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំនិងក្រើនរំឭកទៅដល់មន្ទីរសុខាភិបាលពិសេសក្រុមគ្រូពេទ្យខេត្តឱ្យយកចិត្តទុកដាក់ខ្ពស់ ដោយដាក់មន្ត្រីប្រចាំការនៅគោលដៅលំហែបៃតងនេះដើម្បីរងចាំបង្ការនិងព្យាបាលនៅពេលបងប្អូនពលរដ្ឋមានបញ្ហាផ្នែកសុខភាព ជាងនេះត្រូវអប់រំណែនាំដល់បងប្អូនកុំបន្តយកភក់មកលាបឬប៉ាតលើខ្លួនប្រាណ ដែលការណ៍នេះមិនមែនជាបច្ច័យល្អក្នុងការព្យាបាលនោះទេ ផ្ទុយទៅវិញគឺងាយក្នុងការឆ្លងរោគផ្សេងៗដែលបង្កឡើងដោយភក់ជ្រាំ។






