ខេត្តកណ្តាល÷ ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាបណ្ណប្រមូល និងដឹកជញ្ជូនសំរាមខណៈពួកគាត់បានបន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីងដឹកជញ្ជូនសំរាមយកទៅចាក់ចោលនៅទីលានខុសច្បាប់នៅជិតវត្តចំបក់ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីបានរាយការណ៍ពីក្រុមហ៊ុននេះ បានដឹកសំរាមយកទៅស្តុកទុកនៅតាមផ្ទះប្រជាពលរដ្ឋ និងចាក់ចោលពាសវាលពាសកាលនៅក្នុងភូមិព្រៃកុដ ភូមិកប់អំបិល និងភូមិស្នួលខ្ពស់ ស្ថិតក្នុងសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានបន្តអោយដឹងថា ក្រៅពីដីទីតាំងខាងលេីនេះ គឺនៅមានទីតាំងជាច្រេីនទៀតដែលក្រុមហ៊ុន សារុំត្រេឌីង បានធ្វេីការប្រមូល និងដឹកជញ្ជូនយកទៅចាក់ចោលពាសវាល ពាសកាលនៅក្នុងស្រុកបាទី ខេត្តតាកែវ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពាក់ព័ន្ធនឹងទីតាំងចាក់សំរាមអត់ច្បាប់ស្ថិតនៅក្នុងស្រុកអង្គស្នួលនោះ បច្ចុប្បន្នមេការរបស់ក្រុមហ៊ុនសារុំត្រេឌីង បានបញ្ជាអោយផ្អាកចាក់សិន បន្ទាប់ពីសារព័ត៌មានបានផ្សាយពីទីតាំងចាក់សំរាមចោលពាសវាលពាសកាលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជាធានីភ្នំពេញ កន្លងទៅថ្មីៗនេះ ។ ……. ( សូមស្តាប់សម្លេងមេការរបស់ក្រុមហ៊ុន ) ………. ។
សូមរំលឹកថា ការស្នើសុំរបស់ប្រជាពលរដ្ឋ ក្រោយពីមន្ត្រីជំនាញនៅក្រសួងបរិស្ថានកាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៦ បានរកឃើញសំណល់រឹងឩស្សាហកម្មដែលក្រុមហ៊ុន សារុំ ត្រេឌីង ដឹកយកទៅស្តុកទុកតាមផ្ទះប្រជាពលរដ្ឋ និងចាក់ចោលពាសវាលពាសកាលនៅក្នុងសង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ហើយបើទោះបីរកមិនឃើញសំណល់គ្រោះថ្នាក់ ( សំណល់ភក់-សំណល់ផេះ ) បែរជារកឃើញ ជីកំប៉ុសយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានហាក់ដូចជានៅទ្រឹងរារែកមិនហ៊ានដកហូតលិខិតអនុញាតធ្វើអាជីវកម្មប្រមូល និងដឹកជញ្ជូនសំណល់រឹងឩស្សហកម្មពីក្រុមហ៊ុន សារុំ ត្រេឌីង ពោលគឺបានត្រឹមតែបង្ហោះរបាយការណ៍ក្នុងផេកហ្វេសប៊ុករបស់ខ្លួន ដែលរបាយការណ៍នោះបានបញ្ជាក់ខ្លឹមសារថា បានដកហូតលិខិតអនុញាតធ្វើអាជីវកម្មសំណល់រឹងឩស្សាហកម្មទៀតផង ។
សូមរំលឹកទៀតថា ក្នុងបេសកកម្មថ្ងៃទី ៣១ ខែ កក្កដា នោះ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថានត្រូវបានគេនាំបង្វែងដាននាំវាងមិនអោយឃើញទីតាំងស្តុកទុកសំណល់សំរាប់ញែកយកសំណល់អេតចាយដ៏ធំមួយនៅមុខវត្តតាភេម ស្ថិតក្នុងភូមិព្រៃកុដ សង្កាត់កំបូល ទៀតផង ។ ហើយនៅមុនពេលមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យនោះ ក៏មានមន្ត្រីផ្តល់ដំណឹងដល់ថៅកែក្រុមហ៊ុន សារុំ ត្រេឌីង ដែលគេស្គាល់តែងហៅឈ្មោះ យាយពៅៗនោះបានបញ្ជាអោយក្រុមរថយន្តដឹកសំរាមរបស់ខ្លួនប្រញាប់ទៅប្រមូលសំណល់ដែលចាក់ចោលពាសវាលពាសកាលអោយអស់ ដើម្បីបំបិទភស្តុតាង ។ …………. ( សូមស្តាប់សម្លេងថៅកែក្រុមហ៊ុនសារុំត្រេឌីង )…………. ។
ក្រោយពីការចុះផ្សាយនេះទៅប្រសិនបើទទួលបានព័ត៌មានថ្មីបន្ថែមទៀតអង្គភាពសារព័ត៌មានយើងនិងអាប់ដេតបន្តដើម្បីជាដំណឹងជូនទៅដល់ថ្នាក់ដឹកនាំក្រសួងឲ្យលោកបានដឹងជាព័ត៌មាន។អង្គភាពសារព័ត៌មានយើងនិងនៅរង់ចាំទទួលធ្វើការបកស្រាយគ្រប់ភាគីពាក់ព័ន្ធបើមានប្រតិកម្មនៅចំណុចត្រង់ណាមួយនោះនៅរៀងរាល់ម៉ោងធ្វើការ..សូមអរគុណ៕














