រាជធានីភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់កំបូល និងតំណាងក្រុមហ៊ុនសារុំ ត្រេឌីង បានចុះពិនិត្យស្ថានភាពនៃការស្តុកទុកគំនរសំណល់ឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងភូមិសាស្រ្ត ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រុមការងារក្រសួងបរិស្ថានបានរកឃើញគំនរសំណល់រឹង ប្រភេទកម្ទេចក្រណាត់ និងប្រភេទសំណល់ដែលអាចកែច្នៃបានជាច្រើនប្រភេទគរស្តុកទុកនៅតាមដីឡូតិ៍ដែលទំនេរ និងមុខផ្ទះប្រជាពលរដ្ឋប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរប្រមូលសំណល់ដែលអាចកែច្នៃបាន (អេតចាយ) ស្តុកទុកសម្រាប់លក់បន្តបម្រើសកម្មភាពកែច្នៃ ។
– តំបន់នេះដើមឡើយ មានទីលានចាក់សំណល់រឹងឧស្សាហកម្មចាស់របស់ក្រុមហ៊ុនសារុំត្រេឌីង ប៉ុន្តែទីលាននេះបានបិទតាំងពីឆ្នាំ២០២២ ប៉ុន្តែនៅមានស្តុកនិងកែច្នៃសំរាម បានពីតាមរោងចក្រ សហគ្រាសប៉ុន្តែមិនមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថានទេ
នៅចំពោះបញ្ហាដែលអាចប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារបានដាក់ចេញជាវិធានការណ៍មួយចំនួនដូចខាងក្រោម៖
១- ត្រូវដកហូតលិខិតអនុញ្ញាតអាជីវកម្មសំណល់រឹងឧស្សាហកម្ម អនុលោមតាមមាត្រា ១៧៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
២- ត្រូវទទួលរងការពិន័យអន្ដរការណ៍ ករណីបង្កក្លិនស្អុយ ល្មើសមាត្រា ១៦១ និងករណីពុំអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៣- ក្រុមហ៊ុន ត្រូវធ្វើការប្រមូល សម្អាតសំណល់ដែលនៅគរតាមដងផ្លូវ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ ទោះបីជាថា មិនមែនសកម្មភាពរបស់ក្រុមហ៊ុនក៏ដោយ ត្រូវជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានឱ្យបានល្អ ពីព្រោះកម្មកររបស់ក្រុមហ៊ុនអាចមានចំណែកនៅក្នុងអំពើនេះ។
៤- ស្នើសុំអាជ្ញាធរចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការទុកដាក់សំណល់របស់ខ្លួនឱ្យបានត្រឹមត្រូវ មិនអាចយកសំណល់ទៅគរទុកតាមដងផ្លូវ ឬ ដីឡូតិ៍ទំនេរ ធ្វើឱ្យបាត់បង់សោភ័ណ្ឌភាព អនាម័យបរិស្ថាន។ និងមានផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
៥- មន្ទីរបរិស្ថានបន្តពិនិត្យតាមដាន និងមានវិធានការបន្តចំពោះបុគ្គលណាដែលបោះចោលសំណល់ឬគរទុកមិនមានលក្ខណបច្ចេកទេសសមស្រប៕






